ព័ត៌មាន

សេចក្តីថ្លែងការរួម News & Events Uncategorized

សេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពសិទ្ធិនយោបាយ និង អនុសាសន៍សម្រាប់កែលម្អ

រាជធានីភ្នំពេញ, ថ្ងៃទី១0 ខែធ្នូ ឆ្នាំ២០២២ Associationយើងខ្ញុំជាសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល មានការព្រួយបារម្ភអំពីបរិយាកាស ស្ថានភាពធ្លាក់ចុះនៃដំណើរការប្រជាធិបតេយ្យ និងការបន្តរឹតត្បិតសិទ្ធិមនុស្ស ជាពិសេសសិទ្ធិនយោបាយ និងសិទ្ធិជាមូលដ្ឋាននៅកម្ពុជា។ មាត្រា ៣៥ រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និង ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។” ប៉ុន្តែបរិយាកាសនយោបាយសព្វថ្ងៃនេះ មើលឃើញថា វាមិនបានជំរុញទឹកចិត្តឱ្យពលរដ្ឋចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយគ្មានការភ័យខ្លាចបាននោះទេដោយសារមូលហេតុសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ​

  1. .ឆន្ទៈរបស់អ្នកបោះឆ្នោតដែលបានផ្តល់ឱ្យអ្នកតំណាង និងដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត មិនត្រូវបានធានាពេញលេញនៅទ្បើយ។ អ្នកតំណាងទាំងនោះ ពុំមានលទ្ធភាពប្រើប្រាស់អំណាចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតជាធរមាន និងពុំបានភាពស្របច្បាប់តាម រយៈការបោះឆ្នោតដើម្បីអនុវត្តអំណាចតាមរដ្ឋធម្មនុញ្ញនោះទេ។
  2. សិទ្ធិពលរដ្ឋជាម្ចាស់ប្រទេសដែលបានចំណាកស្រុកទៅក្រៅប្រទេស មិនត្រូវបានផ្តល់លទ្ធភាពឱ្យពួកគេចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោតពីក្រៅប្រទេសនៅទ្បើយ។
  3. កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីតុលាការទទួលបានការតែងតាំងធ្វើជាមន្ត្រីនៃគណបក្សនយោបាយ រួមទាំងការតែងតាំងក្នុងមុខដំណែង ឬ ទទួលបានសិទ្ធិអំណាចចាត់ចែងការងារនៅគ្រប់រចនាសម្ព័ន្ធ គណបក្សនយោបាយ។ ពួកគេបានអនុវត្តសកម្មភាពដែលគាំទ្រគណបក្សនយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយផ្សេងទៀតទាំងមុនពេលបោះឆ្នោត អំទ្បុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។

ការអនុវត្តបែបនេះបំពានច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៧ ដែលបានចែងថា “មន្ត្រីរាជការត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារ និងហាមឃាត់ដាច់ខាតនូវការប្រើប្រាស់មុខងាររបស់ខ្លួននិងសម្ភារៈរបស់រដ្ឋដើម្បីបម្រើសកម្មភាពនយោបាយដូចខាងក្រោម៖ ១) ធ្វើការដើម្បីផលប្រយោជន៍ដល់បេក្ខជននយោបាយ ឬប្រឆាំងនឹងបេក្ខជននយោបាយណាមួយ។ ២) ធ្វើការដើម្បីផលប្រយោជន៍គណបក្សនយោបាយឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ។…”

  • ចំពោះតុលាការ យើងសង្កេតឃើញថា ស្ទើរតែគ្រប់ករណីជនជាប់ចោទក្រោមមូលហេតុនយោបាយ តែងតែរងនូវការរឹតត្បិត ជាងជនជាប់ចោទធម្មតា ហើយជួនកាលត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារឆ្ងាយពីលំនៅដ្ឋាន និងសាច់ញាតិរបស់ខ្លួន។
  • សិទ្ធិសេរីភាពជាមូលដ្ឋានក៏បានរងផលប៉ះពាល់ ដែរ ។ ការចោទប្រកាន់អំពីបទល្មើសញុះញង់ និង បរិហាកេរ្តិ៍សាធារណៈបណ្តាលឱ្យពលរដ្ឋមានការភ័យខ្លាច មិនហ៊ាននិយាយ មិនហ៊ានបញ្ចេញមតិ ដែលជាហេតុបណ្តាលឲ្យពួកគាត់បាត់បង់សិទ្ធិចូលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់គាត់។ ចំពោះការបាញ់សម្លាប់ ការលបវាយប្រហារទៅលើសកម្មជនសិទ្ធិមនុស្ស និង សកម្មជននយោបាយ យើងសង្កេតឃើញថា អាជ្ញាធរមិនដែលវែកមុខឃើញជនល្មើសដើម្បីយកមកទទួលខុសត្រូវ និងដាក់ទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងសាច់ញាតិនៃជនរងគ្រោះ ដែលជាហេតុនាំឱ្យនិរទណ្ឌភាពនៅតែបន្តកើតមាន។

ដើម្បីកែលម្អបរិយាកាស និងស្ថានភាពនយោបាយសព្វថ្ងៃនេះ ក្នុងឱកាសខួបទី៧៤ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ (១៩៤៨ - ២០២២) នេះ យើងខ្ញុំជាសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហជីព ស្នើឱ្យមានការកែទម្រង់ និងកែលម្អដូចទៅនេះ៖

  1. សើ្នរដ្ឋសភាពិនិត្យច្បាប់ស្តីពីគណបក្សនយោបាយ ដោយការពារអាសនៈតំណាងរាស្ត្រ ដែលមិនមានទោសកំហុស ដោយឱ្យពួកគាត់នៅរក្សាតំណែង កាលបើតំណាងរាស្រ្តណាម្នាក់ដែលបាត់សមាជិកភាពពីអតីតបក្សចាស់ ឬ ដោយសារបក្សគាត់ត្រូវបានរំលាយ គាត់នឹងរក្សាតំណែងជាតំណាងរាស្រ្តដដែល ហើយទុករយៈពេលមួយខែដើម្បីឱ្យគាត់រកគណបក្សថ្មីជំនួសតាមឆន្ទៈរបស់គាត់ដើម្បីបន្តភាពជាតំណាងរបស់ គាត់។ ដើម្បីបំពេញនូវចំណុចនេះ ស្នើរដ្ឋសភា មេត្តាពិនិត្យ និងវិសោធនកម្មមាត្រាពាក់ព័ន្ធទាំងឡាយនៃច្បាប់គណបក្សនយោបាយ ច្បាប់បោះឆ្នោត ដែលត្រូវបានធ្វើវិសោធនកម្មច្បាប់ក្រោយការបោះឆ្នោតឆ្នាំ២០១៧ឲ្យស្របទៅតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ការធ្វើដូច្នេះ នឹងការពារនូវសិទ្ធិនយោបាយ និងឆន្ទៈរបស់អ្នកបោះឆ្នោតដែលបានផ្តល់ឱ្យអ្នកតំណាងដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត ដើម្បីឱ្យពួគគាត់ទាំងនោះប្រើប្រាស់អំណាចរបស់ខ្លួនស្របតាមរដ្ឋ ធម្មនុញ្ញ និងច្បាប់។
  2. ស្នើដល់គ្រប់គណបក្សនយោបាយ ពិចារណាប្តូររូបមន្តគណនាសន្លឹកឆ្នោតសម្រាប់អាសនៈនៅសល់ដែលកំពុងតែអនុវត្តនាពេលបច្ចុប្បន្ន ដោយយករូបមន្តគណនាអាសនៈនៅសល់សំណល់ ដូចកាលបោះឆ្នោតឆ្នាំ ១៩៩៣ ដែលរៀបចំដោយ អ៊ុនតាក់ (UNTAC) វិញ។
  3. ស្ថាប័នគ.ជ.ប គួរបន្តជជែកជាមួយតំណាងរាស្រ្ត ឬរដ្ឋសភា ឬរដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្មច្បាប់ដើម្បីបើកផ្លូវចំពោះបញ្ហារាំងស្ទះក្នុងដំណើរការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋចំណាកស្រុកនៅក្រៅប្រទេស និងដើម្បីធានាសិទ្ធិរបស់ពួកគេ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដើម្បីពង្រឹងសមត្ថភាពនៃការចុះឈ្មោះជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ សូមសម្របសម្រួលឱ្យមានយន្តការចាំបាច់ រួមទាំងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដើម្បីធានាដល់ការអនុវត្តសិទ្ធិបោះឆ្នោតរបស់ពលករ ចំណាកស្រុកពីចម្ងាយ។
  4. ស្នើស្ថាប័នពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់គណបក្សនយោបាយ ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរៈភូមិន្ទ និងច្បាប់ស្តីការបោះឆ្នោត ដើម្បីធានាថា មន្ត្រីរាជការ យោធា នគរបាល និងតុលាការ មិនប្រកាន់និន្នាការនយោបាយ និងស្ថិតក្នុ្ងងភាពអព្យាក្រឹត។ សមាជិកមន្ត្រីយោធា នគរបាល និងមន្រ្តីតុលាការ មិនត្រូវទទួលបានការតែងតាំងធ្វើជាមន្ត្រីនៃគណបក្សនយោបាយណាមួយឡើយ រួមទាំងការតែងតាំងក្នុងមុខដំណែង ឬ ផ្តល់សិទ្ធិអំណាចចាត់ចែងការងារនៅគ្រប់រចនាសម្ព័ន្ធគណបក្សនយោបាយណាមួយ។

ពួក គេមិនត្រូវអនុវត្តសកម្មភាពដែលគាំទ្រគណបក្សនយោបាយ ឬ ប្រឆាំងនឹងគណបក្សនយោបាយមួយផ្សេងទៀតឡើយ។

  • ស្នើធ្វើវិសោធនកម្មសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបង្កើនឯករាជ្យភាព និងភាពអាចទុកចិត្តបាន។ យើងខ្ញុំយល់ឃើញថា អនាគតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរតែត្រូវបានជ្រើសរើសពីបុគ្គលឯករាជ្យ ឬ មិនមែនជាសមាជិកគណបក្សនយោបាយណាមួយ។ ប្រសិនបើពួកគាត់ចេញពីបក្សនយោបាយ យ៉ាងតិចណាស់បុគ្គលទាំងនោះ ត្រូវបានឈប់ពីបក្សនយោបាយ បានរយៈពេលយ៉ាងតិចបំផុត ៣ឆ្នាំហើយ។
  • ស្នើឱ្យពន្ធនាគារបន្ថែមការថែទាំ និង គិតគូរដល់សុខុមាលភាពបគ្គលគ្រប់រូបដែលជាប់ក្នុងមណ្ឌលកែប្រែ (ពន្ធនាគារ)។
  • ស្នើឱ្យរដ្ឋសភាពិនិត្យនិយមន័យនៃបទល្មើសញុះញង់ និងកំណត់ចំនួនអតិបរិមាសំណងជម្ងឺចិត្តនៃបទល្មើសបរិហារកេរ្តិ៍ត្រឹមតែ ១០០៛ (មួយរយរៀល) ស្រដៀងគ្នានឹងការអនុវត្តច្បាប់នៅបណ្តាប្រទេសកាន់របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ ឧទាហរណ៍ នៅប្រទេសបារាំង សំណងជម្ងឺចិត្តនៃបទល្មើសបរិហារកេរ្តិ៍ត្រឹមតែ ១ យូរ៉ូ។
  • ស្នើស្ថាប័នធ្វើច្បាប់ និងរដ្ឋាភិបាលបើកទូលាយសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន។ ដើម្បីសម្រេចគោលបំណងនេះ ស្ថាប័នពាក់ព័ន្ធពិនិត្យនិយមន័យនៃអំពើញុះញង់ សើរើពិនិត្យច្បាប់សារព័ត៌មាន និងជំរុញការអនុម័តច្បាប់សិទ្ធិទទួលបានព័ត៌មានឱ្យបានឆាប់ ដោយបើកចំហឱ្យមានការចូលរួមផ្តល់យោបល់ពីសាធារណជនឱ្យបានទូលំទូលាយ ដោយគ្មានឧបសគ្គ និងត្រូវបានការពារដោយច្បាប់។
  • ទាក់ទិននឹងសិទ្ធិនិងសេរីភាពជាមូលដ្ឋាន ដើម្បីលើកកម្ពស់សិទ្ធិ និងសេរីភាពបង្កើតសមាគម (the right to freedom of association) ឱ្យស្របតាមច្បាប់អន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន យើងខ្ញុំស្នើ ពន្លឿនការកែទម្រង់ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលឱ្យបានលឿនស្របតាមសំណើរបស់អង្គការសង្គមស៊ីវិលដែលបានស្នើរួចមកហើយ និងធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពផងដែរ បានយ៉ាងយូរត្រឹមចុងខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីឱ្យស្ថាប័នទាំងនេះអនុវត្តសកម្មភាពស្របច្បាប់តាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់គ្រឹះស្ថានប្រជាធិបតេយ្យនៅកម្ពុជាឱ្យបានប្រសើរ ស្របតាមគោលណ៍ប្រជាធិបតេយ្យជាសកល។

សេចក្តីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. សម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
  2. សហព័ន្ធសហភាពការងារកម្ពុជា (CLC: FAPD/BWTUC/ CAWF/ CIWA/CIWF/CTSWF/CTWF)
  3. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  4. មជ្ឃមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់)
  5. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  6. អង្គការគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៍នៅកម្ពុជា (COMFREL)
  7. សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)
  8. អង្គការសីលការ (SILAKA)
  9. អង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
  10. អង្គការមជ្ឈមមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
  11. អង្គការតម្លាភាពកម្ពុជា (TI-Cambodia)
  12. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ (CLEC)
  13. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
  14. បណ្តាញយេនឌ័រ និងអភិវឌ្ឍន៍ (GADNET)
  15. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ( LRSU )
  16. អង្គការសមាគមធាងត្នោត (STT)
  17. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
  18. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
  19. អង្គការស្ពានសន្តិភាព (PBO)
  20. អង្គការពលរដ្ឋយើង OCO
  21. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  22. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ (CTWUF)
  23. Action Aid Cambodia (AAC)
  24. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  25. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ( CCFC )
  26. សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (CPDD)
  27. សមាគម ខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
  28. អង្គការអនាគតយុវជនកម្ពុជាអាស៊ាន (Cam-ASEAN) 
  29. ក្រុមសកម្មភាពដើម្បីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍ស្ដីពីកម្ពុជា (APPA)
  30. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
  31. សហម្ព័ន្ធនិស្សិតបញ្ញវន្ត កម្ពុជា (FEDCIS)
  32. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  33. សហព័ន្ធសហជីពឯករាជ្យ (INTUFE)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.

kmKM