សេចក្តីថ្លែងការរួម

ទិវាសេរីភាពសារព័ត៌មានពិភពលោក ការលើកកម្ពស់ និងការពារសេរីភាពសារព័ត៌មានគឺជាការធានានូវព័ត៌មានដែល ជាប្រយោជន៍សាធារណៈ

ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមក្រើនរម្លឹកឡើងវិញថាសេរីភាពខាងការបញ្ចេញមតិ រួមមានសិទ្ធិប្រព័ន្ធផ្សព្វផ្សាយដែលសេរីនិងឯករាជ្យ ក៏ដូចជាសិទ្ធិសេរីភាពក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក សិទ្ធិសេរីភាពក្នុងការស្វែងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា។ សារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវលទ្ធិប្រជាធិប តេយ្យដែលមានវិបុលភាពនិងល្អប្រសើរ។ យើងខ្ញុំជាអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តធ្លាក់ចុះនូវបរិយាកាសមិនល្អនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ហើយយើងខ្ញុំសូមជំរុញឱ្យរាជរដ្ឋាភិបាល- កម្ពុជា (“រដ្ឋាភិបាល”) បញ្ឈប់នូវការយាយីនានាដែលកំពុងបន្តកើតមានចំពោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មានដែលបានអនុវត្តសិទ្ធិមូលដ្ឋានចំពោះសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន។ យើងខ្ញុំក៏សូមជំរុញឱ្យរដ្ឋាភិបាលធ្វើការលុបបំបាត់នូវអំពើនិទណ្ឌភាពប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលត្រូវបានវាយប្រហារ និងធ្វើឃាតផងដែរ។ យើងខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាលលុបចោល នូវច្បាប់ដែលមានលក្ខណៈគាបសង្កត់ ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពមូលដ្ឋាន ក៏ដូចជាសេរីភាពសារព័ត៌មាន ហើយត្រូវធានាថារាល់ការតាក់តែងច្បាប់នានាក្នុងពេលខាងមុខនឹងត្រូវបានព្រាងឡើងឱ្យស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា ប្រកបដោយតម្លាភាព និងមានការពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល។

សេរីភាពសារព័ត៌មាននៅតែជាការរំពឹងទុកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យនៅក្នុងប្រទេសកម្ពុជា ខណៈដែលនិន្នាការនៃការបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យ នៅតែបន្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ យោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២០ ដែលវាយតម្លៃពីការអនុវត្តជាទូទៅនៃសេរីភាពសារព័ត៌មានតាមបណ្តាប្រទេស និងតំបន់នានាជុំវិញសកលលោក បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាថាមិនល្អ ដោយឈរនៅលេខរៀងទី១៤៤ ក្នុងចំណោមប្រទេស១៨០ ។ តួលេខនេះបានរុញឱ្យកម្ពុជាធ្លាក់១២ ចំណាត់ថ្នាក់ បើប្រៀបធៀបទៅឆ្នាំ២០១៧ ហើយប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេស “មិនសេរី”។

សេរីភាពសារព័ត៌មាននៅតែជាការរំពឹងទុកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យនៅក្នុងប្រទេសកម្ពុជា ខណៈដែលនិន្នាការនៃការបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យ នៅតែបន្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ យោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២០ ដែលវាយតម្លៃពីការអនុវត្តជាទូទៅនៃសេរីភាពសារព័ត៌មានតាមបណ្តាប្រទេស និងតំបន់នានាជុំវិញសកលលោក បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាថាមិនល្អ ដោយឈរនៅលេខរៀងទី១៤៤ ក្នុងចំណោមប្រទេស១៨០ ។ តួលេខនេះបានរុញឱ្យកម្ពុជាធ្លាក់១២ ចំណាត់ថ្នាក់ បើប្រៀបធៀបទៅឆ្នាំ២០១៧ ហើយប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេស “មិនសេរី”។ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យនៅតែបន្តប្រឈមនឹងឧបសគ្គជាច្រើនក្នុងការបំពេញ ការងារដោយស្របច្បាប់របស់ខ្លួនដោយសេរី និងដោយគ្មានការដាក់កំហិតសិទ្ធិរបស់ខ្លួនឯងជាដើម។ របាយ-ការណ៍ដែលចេញផ្សាយដោយសមាគមអ្នកសារព័ត៌មានក្នុងស្រុក នាពេលថ្មីៗនេះ បានបង្ហាញពីឧបសគ្គទាំងនេះដោយបានគូសបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០ មានអ្នកកាសែតមិនតិចជាង ៧២ នាក់ នោះទេ ដែលត្រូវបានយាយីតាមផ្លូវតុលាការ ដែលក្នុងនោះមានជាង ៤២ នាក់ ត្រូវបានឃុំខ្លួន សាកសួរ ឬចាប់ដាក់ពន្ធនាគារ។ អ្នកទាំងនោះភាគច្រើនត្រូវបានចោទប្រកាន់ពីបទញុះញង់តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ឧទាហរណ៍ដូចជា ករណីលោក សុខ ឧត្តម ដែលជាម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែនក្នុងខេត្តកំពង់ឆ្នាំង និង លោក រស់ សុឃិត ដែលជាអ្នកសារព័ត៌មាននិងជាអ្នកបោះពុម្ពផ្សាយកាសែតជាតិខ្មែរ ហើយអ្នកទាំងពីរត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ។ ជាងនេះទៅទៀត ករណីអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ដែលត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ និងចោទប្រកាន់ពីបទចារកម្ម និង ផលិតរូបភាពអាសអាភាសនៅមិនទាន់បានដោះស្រាយនៅឡើយទេ។ ទោះបីជា អ្នកទាំងពីរត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នតាំងពីខែតុលា ឆ្នាំ២០១៩ ហើយក៏ដោយ ករណីរបស់អ្នកទាំងពីររូបនេះ មិនទាន់បានបញ្ចប់ អស់រយៈពេលជាង៣ឆ្នាំមកនេះ ដោយមិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយ នៅឡើយទេ។ យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលឱ្យទម្លាក់រាល់ការចោទប្រកាន់ទាំងអស់ទៅលើករណី លោក យាង សុធារិន និងលោក អ៊ួន ឈិន និងដោះលែងលោក សុខ ឧត្តម និងលោក រស់ សុឃិត និងសុំឱ្យមានការផ្តល់អាជ្ញាប័ណ្ណសារព័ត៌មានដល់អ្នកទាំងពីរឡើងវិញ។

ជាការបារម្ភផងដែរនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ អាជ្ញាធរបានរឹតបន្តឹងនិងមិនអត់ឱនចំពោះសំឡេងរិះគន់ ហើយអ្នកសារព័ត៌មានកាន់តែងាយរងគ្រោះពីការយាយី និងការចោទប្រកាន់តាមផ្លូវតុលាការ ចំពោះសកម្មភាពរាយការណ៍ព័ត៌មានរបស់ខ្លួនទៅលើប្រធានបទពាក់ព័ន្ធនឹងជំងឺរាតត្បាត។ រវាង ខែមករា ដល់ខែមេសា ឆ្នាំ២០២១ អ្នកកាសែតចំនួនបីនាក់ត្រូវបានឃាត់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយចំនួន៦ ត្រូវបានក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណដោយសារតែសកម្មភាពរាយការណ៍ព័ត៌មានទាក់ទងនឹងជំងឺកូវីដ១៩។ ទាំងនេះបានបង្កឱ្យមានផលប៉ះពាល់មិនល្អចំពោះអ្នករាយការណ៍ព័ត៌មានឯករាជ្យ បង្កើននូវការចាប់ពិរុទ្ធខ្លួនឯង និងរារាំងដល់ការទទួលបានព័ត៌មានសំខាន់ៗរបស់ពលរដ្ឋផងដែរ។ នៅក្នុងបរិបទនេះ យើងខ្ញុំសូមក្រើនរម្លឹកថា ការធ្វើការរួមគ្នារវាងប្រព័ន្ធផ្សព្វផ្សាយនិងអាជ្ញាធរ អាចនាំឱ្យមានការផ្សព្វផ្សាយព័ត៌មានកាន់តែទូលំទូលាយទាក់ទងនឹងជំងឺកូវីដ១៩ ដល់សាធារណជននៅក្នុងប្រទេសកម្ពុជា។ ដូច្នេះយើងខ្ញុំសូមអំពាវនាវឱ្យរដ្ឋាភិបាលទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងពេលមានវិបត្ដិសុខភាពជាសកលនេះ និងត្រូវធានាថាអ្នកសារព័ត៌មានអាចអនុវត្តន៍ការងាររបស់ខ្លួនដោយគ្មានការភ័យខ្លាច។

ក្រៅពីនេះ បទល្មើសលើអ្នកសារព័ត៌មានបានបន្តកើតឡើងនិងក្លាយជាអំពើនិទណ្ឌភាព។ នៅ ឆ្នាំ២០២០ យ៉ាងហោចណាស់មានអ្នកសារព័ត៌មាន ២២ នាក់ ត្រូវបានវាយប្រហារ ឬគំរាមកំហែងដោយអំពើហិង្សាអំឡុងពេលបំពេញភារកិច្ច ហើយមានអ្នកសារព័ត៌មានម្នាក់បានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍ ហើយករណីនេះពុំមានការស៊ើបអង្កេតឱ្យបានត្រឹមត្រូវនោះទេ។ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ អ្នកសារព័ត៌មានតាមអ៊ីនធឺណិតចំនួន៤ នាក់ ត្រូវបានជនស្លៀកពាក់ស៊ីវិលមួយក្រុមវាយប្រហារ។ ក្រុមអ្នកសារ-ព័ត៌មានជឿថា ជនវាយប្រហារទាំងនោះគឺជាក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ ដែលមកសងសឹកដល់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីពួកគេបានរាយការណ៍ប្រាប់ប៉ូលីសថាក្រុមនេះបានប្រព្រឹត្តបទល្មើសព្រៃឈើ។ ដូចគ្នានេះដែរ កាលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ អ្នកសារព័ត៌មាន ២នាក់ ត្រូវបានវាយប្រហារ នៅពេលពួកគេកំពុងស៊ើបអង្កេតសកម្មភាពខុសច្បាប់របស់ឈ្មួញឈើនៅក្នុងខេត្តស្ទឹងត្រែង។ ទោះបីជាមានពាក្យបណ្តឹងដាក់ទៅអាជ្ញាធរពាក់ព័ន្ធក៏ដោយ តែមកទល់ពេលនេះ យុត្តិធម៌សម្រាប់អ្នកសារព័ត៌មានរងគ្រោះនៅមិនទាន់ទទួលបាននៅឡើយទេ។ បន្ថែមពីនេះ ចាប់តាំងពីឆ្នាំ១៩៩៤ មក អ្នកសារព័ត៌មានចំនួន ១៣ នាក់ ត្រូវបានសម្លាប់ ដោយសារការរាយការណ៍របស់ពួកគេទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយរបស់ឥស្សរជនជាច្រើនរូប និងមន្ត្រីយោធាជាន់ខ្ពស់ផងដែរ។ យើងខ្ញុំសូមទទូចឲ្យរដ្ឋាភិបាលចាត់វិធានការច្បាស់លាស់ ដើម្បីធានាថាអ្នកសារព័ត៌មានត្រូវបានការពារនៅពេលបំពេញតួនាទីដ៏សំខាន់របស់ខ្លួន និងសូមបញ្ចប់នូវរាល់អំពើនិទណ្ឌភាពនៃឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន តាមរយៈការធ្វើការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យភាព តម្លាភាព និងការកាត់ទោសជនល្មើស ដោយអនុលោមទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។

ក្រៅពីនេះ រដ្ឋាភិបាលបានជំរុញឱ្យមានច្បាប់រឹតត្បិតកាន់តែច្រើនដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពខាងការបញ្ចេញមតិនៅតាមអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិត។ នៅខែមេសា ឆ្នាំ២០២០ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានអនុម័ត។ ច្បាប់នេះបានផ្តល់អំណាចដោយសេរីដល់រដ្ឋាភិបាល ក្នុងការរឹតត្បិតសេរីភាពមូលដ្ឋានរួមទាំងសេរីភាពសារព័ត៌មាន។ ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាក៏បានអនុម័ត អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលជួយសម្រួលដល់ការឃ្លាំមើលនិងត្រួតពិនិត្យចរាចរណ៍នៅតាមប្រព័ន្ធអ៊ីនធឺណិតទាំងអស់នឹងស្ថិតនៅក្នុងច្រកទ្វារតែមួយ ដែលរដ្ឋាភិបាលជាអ្នកគ្រប់គ្រង។ លើសពីនេះទៀត នៅខែមករា ឆ្នាំ ២០២១ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសារាចរណ៍ណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្នុងការហាមឃាត់រាល់ការថតរបស់អ្នកសារព័ត៌មានចំពោះការស៊ើបអង្កេតរបស់ប៉ូលីសលើសកម្មភាពបទល្មើសផ្សេងៗ ដែលនេះបានធ្វើឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មានផងដែរ។ រដ្ឋាភិបាលក៏បានធ្វើសេចក្តីព្រាងច្បាប់មួយដែរទាក់ទងនឹងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានបទប្បញ្ញត្តិមួយចំនួនអាចកាត់បន្ថយសេរីភាពការបញ្ចេញមតិតាមអ៊ីនធឺណិត ប្រសិនបើច្បាប់នោះត្រូវបានអនុម័ត។ ដូច្នេះយើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលឱ្យធ្វើវិសោធនកម្ម ឬលុបចោលនូវច្បាប់ទាំងឡាយណាដែលមានលក្ខណៈគាបសង្កត់ និងត្រូវធានាថារាល់ការតាក់តែងច្បាប់នានាក្នុងពេលខាងមុខនឹងត្រូវបានព្រាងឡើង ឱ្យស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជាប្រកបដោយតម្លាភាព និងមានការពិគ្រោះយោបល់។

ប្រទេសកម្ពុជាមិនអាចសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យនោះទេ បើគ្មានសារព័ត៌មានសេរីនិងឯករាជ្យ ដែលអាចទទួលបានព័ត៌មាន ក៏ដូចជាតម្លាភាព និងគណនេយ្យភាពរបស់ស្ថាប័នរដ្ឋ។ ដូច្នេះ រដ្ឋាភិបាលចាំបាច់ត្រូវចាត់វិធានការជាក់ស្តែង ដើម្បីបង្កឱ្យមានបរិយាកាសអំណោយផល ដែលសេរីភាពសារព័ត៌មានត្រូវបានការពារនិងលើកកម្ពស់ ហើយប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានឯករាជ្យអាចបំពេញតួនាទីដ៏សំខាន់របស់ខ្លួនបានដោយសេរីនិងគ្មានការប្រឈមមុខនឹងការយាយី ការសងសឹក ឬប្រថុយជីវិតរបស់ខ្លួន។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានក៏គួរតែបំពេញការងារបែបស៊ើបអង្កេត និងរាយការណ៍ព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងឯករាជ្យ ដើម្បីធានាថាពួកគេបានផ្តល់ព័ត៌មានត្រឹមត្រូវ និងអាចទុកចិត្តបានដល់សាធារណជន ក៏ដូចជាការចូលរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើង។

សេចក្តីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. អង្គការក្រុមការងារដោះស្រាយទំនាស់
  2. បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី
  3. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍
  4. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  5. អង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
  6. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
  7. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
  8. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  9. មជ្ឃមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់)
  10. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ (CLEC)
  11. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
  12. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
  13. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
  14. សម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម
  15. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
  16. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
  17. បណ្តាញកសាងសន្តិភាពសហគមន៍
  18. សហភាពការងារកម្ពុជា
  19. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  20. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  21. សហគមន៍៩២ ភ្នំពេញ
  22. 13. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  23. អង្គការសមធម៌កម្ពុជា (EC)
  24. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធIDEA)
  25. សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ
  26. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  27. អង្គការក្លាហាន
  28. សហគមន៍ឡពាង កំពង់ឆ្នាំង
  29. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍
  30. សហគមន៍មានជ័យ ស្វាយរៀង
  31. គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា
  32. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព
  33. អង្គការពន្លកខ្មែរ
  34. សហគមន៍ផ្លូវរថភ្លើង ភ្នំពេញ
  35. សហគមន៍ព្រែកតាគង់ ៦០ម៉ែត្រ ភ្នំពេញ
  36. សហគមន៍ឬស្សីស្រស់ ភ្នំពេញ
  37. អង្គការសមាគមធាងត្នោត (STT)
  38. សហគមន៍ស្មសាន្ត ភ្នំពេញ
  39. សហគមន៍ចេកមាស ស្វាយរៀង
  40. អង្គការតម្លាភាពកម្ពុជា
  41. សហគមន៍ទូលសង្កែអេ ភ្នំពេញ
  42. អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា
  43. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
  44. អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា
  45. អង្គការយុវសន្តិភាព

ទាញយកសេចក្តីថ្លែងការរួម៖ ភាសាខ្មែរ | ភាសាអង់គ្លេស

2 thoughts on “World Press Freedom Day Promoting and Protecting Press Freedom guarantees Information as a Public Good”

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.

kmKM