សេចក្តីថ្លែងការរួម

សេចក្តីថ្លែងការណ៍រួម ក្រុមសង្គមស៊ីវិលស្នើសុំឱ្យរាជរដ្ឋាភិបាលនិរាករណ៍អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ

យើងខ្ញុំជាក្រុមសង្គមស៊ីវិលដូចមានរាយឈ្មោះនៅខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលប្រកាសឱ្យប្រើ កាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈនេះ និងស្នើសុំឱ្យរាជរដ្ឋាភិបាលនិរាកណ៍អនុក្រឹត្យនេះឱ្យបានឆាប់រហ័ស ។ នៅពេលដែលត្រូវបានអាជ្ញាធរដ្ឋអនុវត្ត អនុក្រឹត្យនេះ នឹងរឹតត្បិតទៅលើសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ សិទិ្ធក្នុងការទទួលបានព័ត៌មាន សិទិ្ធលើឯកជនភាព ភាពប្រកួតប្រជែងនៃក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា ដែលនេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ។

មាត្រាមួយចំនួននៃអនុក្រឹត្យខាងលើ ជាពិសេសមាត្រា៦ មាត្រា១២ មាត្រា១៣ និងមាត្រា១៤ មានខ្លឹមសារទូលំទូលាយ និងមិនសូវច្បាស់លាស់ និងមានលក្ខណៈរឹតត្បិតយ៉ាងខ្លាំងដល់សិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋដែលប្រើប្រាស់អ៊ីនធឺណិត និងភាពប្រកួតប្រជែងនៃប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ។

មាត្រាមួយចំនួននៃអនុក្រឹត្យខាងលើ ជាពិសេសមាត្រា៦ មាត្រា១២ មាត្រា១៣ និងមាត្រា១៤ មានខ្លឹមសារទូលំទូលាយ និងមិនសូវច្បាស់លាស់ និងមានលក្ខណៈរឹតត្បិតយ៉ាងខ្លាំងដល់សិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋដែលប្រើប្រាស់អ៊ីនធឺណិត និងភាពប្រកួតប្រជែងនៃប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ។

ជាក់ស្តែងមាត្រា៦ និងមាត្រា ១២ នៃអនុក្រឹត្យនេះបានដាក់កំហិតតួនាទីដល់ប្រតិបត្តិករនៃច្រកទ្វារអ៊ីនធឺណិតជាតិ ឱ្យសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា និងក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ក្នុងការចាត់វិធានការទប់ស្កាត់ និងកាត់ផ្តាច់ចោលរាល់ការតភ្ជាប់បណ្តាញទាំងឡាយដែលប៉ះពាល់ដល់ចំណូលជាតិ សុវត្ថិភាព របៀបរៀបរយសណ្តាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់សង្គម។ អត្ថន័យនៃមាត្រានេះ មានលក្ខណៈទូលាយ និងស្រពិចស្រពិល ដែលអាចត្រូវបានអាជ្ញាធររដ្ឋបកស្រាយ និងអនុវត្តទៅលើ សកម្មជនសិទិ្ធមនុស្ស ពលរដ្ឋសហគមន៍មូលដ្ឋាន ឬ ពលរដ្ឋ ឬក្រុមមនុស្សទាំងឡាយណាដែលបញ្ចេញមតិរិះគន់រាជរដ្ឋាភិបាលតាមបណ្តាញអ៊ីនធឺណិត និងបណ្តាញទំនាក់ទំនងសង្គម ដោយចាត់ទុកថាសកម្មភាពរិះគន់ទាំងនោះ “ប៉ះពាល់ដល់របៀបរៀបរយសណ្តាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់សង្គម” ។

ក្រៅពីនេះ ខ្លឹមសារដ៏ទូលំទូលាយនៅក្នុងមាត្រានេះ ក៏នឹងផ្តល់អំណាចឱ្យអាជ្ញាធរមានសមត្ថកិច្ចងាយស្រួលក្នុងការចាត់វិធានការរឹតត្បិតលើការទទួលបានព័ត៌មាននៅលើបណ្តាញអ៊ីនធឺណិត ឬបិទគេហទំព័រ ឬបណ្តាញសង្គមណា ដែលអាជ្ញាធររដ្ឋយល់ថាមានគំនិតផ្ទុយ ឬរិះគន់រាជរដ្ឋាភិបាល ទោះជាគេហទំព័រ ឬបណ្តាញសង្គមទាំងនោះ បានផ្តល់ព័ត៌មានដែលសាធារណៈមតិយល់ថាជាព័ត៌មានឯករាជ្យក៏ដោយ ។

វិធានការតាមរយៈអនុក្រឹត្យនេះ អាចនឹងរំលោភទៅលើសិទិ្ធក្នុងការទទួលបានព័ត៌មាន ដែលរាជរដ្ឋាភិបាលធ្លាប់បានបង្ហាញឆន្ទៈថានឹងគោរពតាមរយៈសេចក្តីព្រោងច្បាប់ស្តីពីការទទួលបានព័ត៌មាន និងវេទិកាពិគ្រោះយោបល់ជាច្រើនលើកច្រើនសារទៅលើសេចក្តីព្រាងច្បាប់នោះកន្លងមកហើយ ។

លើសពីនេះ មាត្រា១៤ បានតម្រូវឱ្យប្រតិបត្តិករនៃច្រកទ្វារអ៊ីនធឺណិតជាតិរក្សាទុកកំណត់ត្រាបច្ចេកទេស និងតារាងបែងចែកការផ្ដល់អាសយដ្ឋានអាយភីនិងការកំណត់ផ្លូវនៃត្រាហ្វ៊ិកឆ្លងកាត់នៅច្រកទ្វារអ៊ីនធឺណិតជាតិសម្រាប់រយៈពេល១២ខែ ។ នេះមានន័យថា ប្រតិបត្តិករនៃច្រកទ្វារអ៊ីនធឺណិតជាតិអាចដឹងអំពីសកម្មភាពរបស់មនុស្សគ្រប់គ្នា ដែលប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា រួមទាំងប្រវត្តិព័ត៌មានដែលពួកគេស្វែងរក ហើយនិងគេហទំព័រដែលមិនមានកូដនីយកម្ម (unencrypted search history) ដែលពួកគេចូលមើល រហូតដល់មួយឆ្នាំពេញ ។ ការរក្សាទុករយៈពេលយូរហួសហេតុនេះ នឹងរំលោភទៅលើសិទិ្ធលើឯកជនភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គមនៅកម្ពុជា ។

ជាមួយគ្នានេះដែរ យើងបានពិនិត្យឃើញថាការបង្កើតអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិនឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ច ជាពិសេសលើភាពប្រកួតប្រជែងតាមប្រព័ន្ធអេឡិចត្រូនិកដែលកំពុងរីកចម្រើននៅកម្ពុជា ។ ការឆ្លងកាត់ច្រកទ្វារអ៊ីនធឺណិតជាតិតែមួយពីគ្រប់ប្រតិបត្តិការរបស់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតទាំងអស់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនពីគ្រប់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ដល់ប្រជាពលរដ្ឋកម្ពុជា ។

យើងបារម្ភថាអនុក្រឹត្យនេះនឹងក្លាយជាឧបសគ្គដល់ក្រុមហ៊ុនបច្ចេកវិទ្យានិងបង្កើតភាពមិនប្រាកដប្រជាដែលអាចបណ្តាលឱ្យអ្នកវិនិយោគទុនចាកចេញពីទីផ្សារបច្ចេកវិទ្យានៅកម្ពុជា ។ បន្ថែមលើនេះ ប្រសិនបើក្រុមហ៊ុនឯកជនត្រូវបានបង្ខំឱ្យចាកចេញមែន នោះបន្ទុកនៃការបង់ថ្លៃលើសេវានៃការប្រើប្រាស់អ៊ីនធឺណិតនឹងកើនឡើង នឹងធ្លាក់មកលើប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ហើយគុណភាពនៃសេវាអ៊ីនធឺណិតនឹងធ្លាក់ចុះ ។ យើងខ្ញុំទទូចឱ្យរាជរដ្ឋាភិបាលនិរាកណ៍អនុក្រឹត្យនេះឱ្យបានឆាប់រហ័ស ដើម្បីធានាថា សេរីភាពមូលដ្ឋាន និងធានាប្រសិទ្ធភាពនៃការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ និងបានជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ នឹងត្រូវបានគោរពដោយស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ៕

Download Statement

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.

kmKM